កប៉ាល់ធំៗជាច្រើនគ្រឿង កំពុងបូមខ្សាច់ នៅទន្លេមេគង្គ ក្នុងសង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ កាលពីពេលកន្លងមក។ រូបថត ហេង ជីវ័ន
កំពង់ចាមៈ អាជ្ញាធរដែនដីក្នុងឃុំអង្គរបាន ស្រុកកងមាស កាលពីម្សិលមិញ បានប្រាប់ឲ្យប្រជាពលរដ្ឋជិត២០ គ្រួសារ រស់នៅតាមបណ្ដោយទន្លេមេគង្គ រុះរើផ្ទះចេញជាបន្ទាន់ បន្ទាប់ពីមានការរលំស្រុតបាក់ផ្ទះធ្លាក់ចូលទៅក្នុងទន្លេអស់ ៧ខ្នង កាលពីថ្ងៃចន្ទ ដែលអ្នកភូមិសង្ស័យថា បណ្តាលមកពីអាជីវកម្មបូមខ្សាច់ដែលកំពុងបន្ត។
អ្នកស្រី សាលី ខ អាយុ៤៣ ឆ្នាំដែលផ្ទះរបស់អ្នកស្រី បានបាក់ស្រុតចូលទៅក្នុងទន្លេ កាលពីថ្ងៃចន្ទ ក្នុងចំណោមផ្ទះប្រជាពលរដ្ឋចំនួន ៧ ខ្នងបានឲ្យដឹងថា ផ្ទះផ្សេងទៀត ដែលប្រឈមនឹងការបាក់ស្រុតចូលទៅក្នុងទន្លេដែរនោះ អាជ្ញាធរដែនដី បានប្រាប់ឲ្យរុះរើផ្ទះចេញជាបន្ទាន់ ចៀសវាងជួបឧបទ្ទវហេតុអាក្រក់ណាមួយ។ អ្នកស្រីបានឲ្យដឹងថា ស្រឡាងពីរបីគ្រឿង បានធ្វើការបូមខ្សាច់ជារៀងរាល់ថ្ងៃ នៅក្នុងឃុំអង្គរបាន ស្រុកកងមាស។ អ្នកស្រីបានបន្ថែមថា៖«បាក់ច្រាំងទន្លេ មានកម្ពស់រហូតទៅដល់ ៣០ ម៉ែត្រ។ វាជ្រៅខ្លាំងណាស់។ យើងមិនដឹងពីមូលហេតុពិតប្រាកដនោះទេ តែមានស្រឡាងពីរបីគ្រឿង បានបូមខ្សាច់លក់រៀងរាល់ថ្ងៃ»។
អ្នកស្រីបានថ្លែងថា អាជ្ញាធរដែនដី បានជូនដំណឹងដល់ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលនៅសល់ប៉ុន្មានទៀតឲ្យរុះរើផ្ទះចេញជាបន្ទាន់។ អ្នកស្រីបានបន្តថា៖ «ខ្ញុំបានទៅរស់នៅបណ្ដោះអាសន្នជាមួយសាច់ញាតិខ្ញុំ ដើម្បីការពារសុវត្ថិភាព។ សំណាងល្អកូនប្រុសខ្ញុំ បានដឹងជាមុន ហើយរត់គេចចេញពីផ្ទះទាន់ពេល នៅពេលយើងឮសូរសំឡេងបាក់ស្រុត»។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ស្រេន សេន វ័យ៥៥ ឆ្នាំបាននិយាយថា ទូកនិងម៉ាស៊ីនរបស់គាត់ខ្លះ បានធ្លាក់ចូលក្នុងទន្លេ នៅក្នុងថ្ងៃកើតឧបទ្ទវហេតុនោះ។ លោកថ្លែងថា៖«ឥឡូវនេះ ប្រជាពលរដ្ឋ មានការភ័យខ្លាចចំពោះហេតុការណ៍បាក់ច្រាំងទន្លេខ្លាំងណាស់។ កាលពីយប់មិញ មានផ្ទះមួយខ្នងទៀត បានបាក់ស្រុតចូលក្នុងទន្លេ។ ការបាក់ស្រុតនេះ បានបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិយើងអស់ជាច្រើន»។
លោក សេង ឃុយ មេឃុំអង្គរបាន បានបដិសេធថា ការបាក់ស្រុតនេះ មិនមែនដោយសារការបូមខ្សាច់នោះទេ។ វាបណ្ដាលមកពីគ្រោះធម្មជាតិ។ លោកមេឃុំ បានមានប្រសាសន៍ថា៖«ក្រុមប្រជាពលរដ្ឋ បានបង្ខំចិត្តរុះរើផ្ទះពួកគេ រកកន្លែងមានសុវត្ថិភាពហើយ។ វាបានបាក់ស្រុតប្រវែង ១៨៥ ម៉ែត្រ ពីច្រាំងទន្លេ និងកម្ពស់ ៣០ម៉ែត្រ។ វាបានបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិអ្នកស្រុកអស់ជាច្រើន តែមិនប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ»។
កាលពីខែមុន ប្រជាពលរដ្ឋជាច្រើននៅសង្កាត់ស្វាយប៉ាក និងសង្កាត់កោះដាច់ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានធ្វើការតវ៉ា និងសម្តែងការខឹងសម្បា ចំពោះអាជីវកម្មបូមខ្សាច់នៅតាមដងទន្លេសាប និងទន្លេមេគង្គ ដែលពួកគេជឿជាក់ថា គឺជាដើមហេតុដែលបណ្តាលឲ្យបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់៕ PN
No comments:
Post a Comment
I like Blogger