Friday, 18 January 2013 យស់ កាតង់ Phnom Penh Post
គោរពជូនលោកនិពន្ធនាយកជាទីរាប់អាន!
មនុស្សស្ទើរតែមួយប្រទេសកម្ពុជាបាននិងកំពុងនិយាយរិះគន់ជាចំហ
ចំពោះការប្រព្រឹត្តខុសពីក្រមសីលធម៌វិជ្ជាជីវៈជាប៉ូលិស ចរាចរ
ដែលជាមូលហេតុដ៏ធំមួយ ធ្វើឲ្យពលរដ្ឋខ្មែរ មានការក្តៅក្រហាយ
និងស្អប់ខ្ពើមមន្រ្តីប៉ូលិសចរាចរជាខ្លាំង រហូតដល់មិនចង់ឃើញមុខ
ព្រមទាំងនាំគ្នាលួចខ្សឹបជេរដាក់បណ្តាសាទៀតផងក៏មាន។
ការ ប្រព្រឹត្តខុសឆ្គងរបស់មន្រ្តីប៉ូលិសលទាំងនោះរួមមាន
ការផាកពិន័យលើសពីការកំណត់នៃច្បាប់ ដោយគ្មានវិក្កយបត្រ (ពុករលួយ)
ការប្រើអំពើហិង្សាលើអ្នកដំណើរ ការជេរប្រមាថដោយអសីលធម៌ ការសំឡុត
គំរាមកំហែង ជាដើម។
រូបភាពទាំងអស់នេះបានដិតដាមជាប់ក្នុងអារម្មណ៍របស់ពលរដ្ឋជា
អ្នកធ្វើដំណើរគ្រប់ៗគ្នា រហូតចាត់ទុកមន្ត្រីប៉ូលិសចរាចរថា
ជាចោរប្លន់ ចោរជំរិតទារប្រាក់តាមដងផ្លូវ ដែលមើលទៅជារួមឃើញថា
ហួសហេតុ និងមិនមានការកែប្រែទាល់តែសោះ។ ជួនពេលខ្លះ
ប្រជាពលរដ្ឋសង្កេតឃើញមានសមត្ថកិច្ចដទៃទៀត ដូចជា
តម្រួតយោធា(ប៉េអឹម) កងអន្តរាគមន៍ (ខ្លាហោះ)
ក៏ចាប់ឃាត់អ្នកដំណើរជំរិតផាកពិន័យផ្នែកចរាចរណ៍ផងដែរ។
ប្រជាពលរដ្ឋ តែងតែយល់ច្បាស់ថា មន្រ្តីគ្រប់ផ្នែក
ទោះជាស្ថិតនៅក្នុងស្ថាប័នណាក៏ដោយ មានកាតព្វកិច្ចសំខាន់ គឺបម្រើ
និងការពារផល ប្រយោជន៍ប្រជាពលរដ្ឋទូទៅ
ប្រយោជន៍ដើម្បីឲ្យពលរដ្ឋទាំងអស់ បានរស់នៅក្នុងសេចក្តីសុខ
សុវត្ថិភាព និងភាពរុងរឿង។
ស្ថិតក្នុងឯកសណ្ឋានជាប៉ូលិសចរាចរដែលមានភារកិច្ចសម្រួលដល់
ការធ្វើដំណើរទៅមករបស់អ្នកដំណើរ គឺត្រូវបានមហាជនចាត់ទុកថា
មិនត្រឹមតែជាអ្នកបម្រើដល់ពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះទេ
ថែមទាំងជាអ្នកតំណាងឲ្យស្ថាប័នរបស់រាជរដ្ឋាភិបាលមួយ
ដែលមាននាទីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
និងជាតំណាងឲ្យមុខមាត់របស់ប្រទេសជាតិខ្មែរទាំងមូល
ដែលពលរដ្ឋខ្មែរគ្រប់រូប និងអន្តរជាតិគ្រប់ជាតិសាសន៍ អាចមើលឃើញ
និងកោតសរសើរដល់ការលះបង់ខ្ពស់របស់អស់លោកជាមន្រ្តីប៉ូលិសចរាចរ
ដែលកំពុងខិតខំធ្វើការងារហូរញើសសស្រាក់កណ្តាលថ្ងៃ
នៅតាមដងផ្លូវសាធារណៈ។ យើងពិតជាមានការកោតសរសើរដ៏ក្រៃលែង
នូវកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់អស់លោកមន្រ្តី
ចរាចរណ៍ទូទាំងប្រទេសកម្ពុជា
ហើយយើងពិតជាមានសន្តានចិត្តចង់ជួយជ្រោមជ្រែងលើកទឹកចិត្ត
ដល់ពួកគាត់ខ្លាំងណាស់ ប៉ុន្តែទន្ទឹមនឹងនោះ
យើងពិតជាមិនសប្បាយចិត្តឡើយចំពោះអំពើពុករលួយនានា
ទាក់ទងនឹងចរាចរណ៍ ការប្រើហិង្សា ការជេរប្រមាថ
និងការគំរាមកំហែងដល់អ្នកដំណើរទាំងឡាយ។ល។
ប្រសិនបើពួកគាត់បញ្ឈប់បាននូវសកម្មភាពអវិជ្ជមានទាំងនេះមែន
យើងពិតជាមានសន្តានចិត្តចង់ជួយជ្រោមជ្រែងលើកទឹកចិត្ត
ក៏ដូចជាផ្តល់រង្វាន់ក្នុងគ្រប់រូបភាពដល់ពួកគាត់ជាក់ជាមិនខាន ។
ជាមួយនឹងការចង់បាននេះ ប្រជាពលរដ្ឋ
ក៏គួរតែចេះគោរពច្បាប់ចរាចរណ៍ និងមានសីលធម៌ក្នុងការបើកបរផងដែរ
ជាពិសេសសិល្បៈនៃការយោគយល់អធ្យាស្រ័យគ្នា
ព្រមទាំងបំពេញនាទីជាពលរដ្ឋល្អ
ដែលមានកាតព្វកិច្ចគោរពតាមបទដ្ឋានច្បាប់ចរាចរណ៍ ដូចជា
ការបត់ឆ្វេង បត់ស្តាំ គោរពភ្លើងសញ្ញាចរាចរណ៍ មានកញ្ចក់ត្រឹមត្រូវ
ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់រថយន្តឲ្យបានត្រឹមត្រូវ
មិនបើកបរ ដោយរំលោភលើអ្នកដំណើរដទៃ(មិនត្រូវគិតថា
មានតែខ្លួនឯងម្នាក់នៅលើដងផ្លូវតែមួយ)។
ចំណែកស្ថាប័នបង្កើត ច្បាប់ចរាចរណ៍
ក៏មិនគួរបង្កឲ្យមានភាពស្មុគស្មាញ ដល់ពលរដ្ឋដែរ ដូចជា
ការបន្ថែមនូវបទបញ្ជា ឬសារាចរ
ដែលតម្រូវឲ្យអ្នកបើកបរទោចក្រយានយន្ត (ម៉ូតូ) ត្រូវមានប័ណ្ណបើកបរ
ដាក់តាមខ្លួន នូវឯកសារពន្ធគយ(កាតគ្រី)
ដែលអ្នកបើកបរទាំងនោះជាពលរដ្ឋស្លូតត្រង់ មិនមែនជាចោរលួច
ចោរប្លន់។ ការទាមទារច្រើនហួសហេតុពេក ពីប្រជាពលរដ្ឋជាអ្នកដំណើរ
គឺមិនមែនបង្ហាញពីភាពឥតខ្ចោះនៃការអនុវត្តច្បាប់ចរាចរណ៍ នោះទេ
ប៉ុន្តែផ្ទុយទៅវិញ
វាបានបង្ហាញពីរូបភាពនៃការបន្ថែមឱកាសពុករលួយតែប៉ុណ្ណោះ
ដែលជាមូលហេតុរំខានដល់ភាពសុខសាន្ត
និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ពលរដ្ឋគ្រប់ៗគ្នា។
យោងតាមមាត្រា ៧២ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា មន្រ្តី
ឬភ្នាក់ងារនគរបាលទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ណា
ដែលប្រើសិទ្ធិអំណាចដោយរំលោភក្នុងការដកហូតយកប័ណ្ណបើកបរ
ស្លាកលេខ ប័ណ្ណសម្គាល់យាន ឬឃាត់ទុកយានរបស់អ្នកបើកបរ
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅ១ខែ ឬ
និងពិន័យជាប្រាក់ពី២៥០០០រៀល ទៅ ២០០ ០០០ រៀល។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ ឆ្នាំ
ឬពិន័យជាប្រាក់ពី ២ លានរៀល ទៅ៦ លានរៀល ចំពោះមន្ត្រី
ឬភ្នាក់ងារទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ណា
ដែលបង្ខំទារប្រាក់ពិន័យមិនត្រឹមត្រូវតាមច្បាប់កំណត់
ឬទទួលប្រាក់ដោយការប្រើប្រាស់ក្បាលសៀវភៅសម្រាប់ពិន័យមិនត្រឹម
ត្រូវ។
ដោយមិនគួរលើកហេតុផលនៃការងារទទួលបានប្រាក់ខែតិច តួច
មន្រ្តីគ្រប់ស្ថាប័នរដ្ឋទាំងអស់បែរជាមានទម្លាប់ ឬចេតនា
ប្រព្រឹត្តអំពើពុករលួយដូច្នេះឡើយ
ពីព្រោះពួកគាត់បានដឹងរួចជាស្រេចហើយថា
ការងាររបស់គាត់ត្រូវទទួលប្រាក់ខែតែប៉ុណ្ណឹង
និងមិនមានអ្វីលើសពីនេះទេ។
ដូច្នេះមានតែការស្រឡាញ់នូវតួនាទីការងារសុចរិតរបស់ខ្លួន
លាយឡំនឹងមនសិការជាតិ ស្របពេលដែលរាជរដ្ឋាភិបាល
គួររឹតបន្តឹងមិនឲ្យមានឱកាសពុករលួយ
ដោយយកច្បាប់ប្រឆាំងអំពើពុករលួយធ្វើជាមូលដ្ឋាន
ក្នុងការដាក់ទោសទណ្ឌចំពោះជនប្រព្រឹត្ត
ទើបអាចធ្វើឲ្យអ្វីៗដំណើរការទៅបានដោយរលូន និងល្អប្រសើរ។
ម្យ៉ាង ទៀត បើតាមប្រសាសន៍របស់ សម្តេច តេជោ ហ៊ុន សែន
កាលពីពេលកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល
មានផែនការដំឡើងប្រាក់បៀវត្សរ៍ ដល់មន្រ្តីរាជការទូទាំងប្រទេស
រាប់ទាំងមន្រ្តីប៉ូលិសចរាចរណ៍ឲ្យបាន២០ % ចាប់ពីឆ្នាំ២០១៣ នេះ
ដោយគ្រោងចំណាយថវិកាជាតិសរុបប្រចាំឆ្នាំ ប្រមាណ ៣០០០ លានដុល្លារ។
ជា ចុងក្រោយ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់
ក្នុងចំណោមពលរដ្ឋដទៃទៀតដែលឲ្យតម្លៃខ្ពស់ដល់មន្រ្តីចរាចរគ្រប់ៗ
រូប ខ្ញុំសូមទទូចឲ្យមន្រ្តីប៉ូលិសចរាចរទាំងអស់
មេត្តាស្រឡាញ់នូវតួនាទី ការងាររបស់ខ្លួន និងមានសីលធម៌ល្អ
ក្នុងការអនុវត្តការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ
ខ្ពស់
ព្រមទាំងសូមសំណូមពរដល់ថ្នាក់ដឹកនាំស្ថាប័នមួយនេះមេត្តាជួយ
បណ្តុះបណ្តាលបន្ថែមដល់គ្រប់មន្រ្តីចរាចរទូទាំងប្រទេសឲ្យបាន
យល់ដឹងច្បាស់ពីក្រមសីលធម៌វិជ្ជាជីវៈជានគរបាលចរាចរណ៍
ធ្វើជាគំរូល្អដល់ពលរដ្ឋខ្លួន
និងបញ្ឈប់ជាបន្ទាន់នូវការប្រព្រឹត្តសកម្មភាពប្រាសចាកពីសីលធម៌
និងបទដ្ឋានច្បាប់របស់ប្រទេសជាតិយើង៕
ដោយ យស់ កាតង់
No comments:
Post a Comment
I like Blogger