ក្មេងៗកូនប្រជាពលរដ្ឋក្រីក្រ នៅអង្គការអនាគតកុមាររុងរឿង កាលពីចុងសប្តាហ៍មុន។ រូបថត សែន ដាវិត
ភ្នំពេញៈ ក្មេងកំព្រាឪពុក ម្តាយ និងក្មេងដែលមានវិបត្តិក្នុងគ្រួសារ ចំនួន៥០នាក់នឹងត្រូវអង្គការអនាគតកុមាររុងរឿង យកទៅបណ្តុះបណ្តាលរៀនសូត្រ ខណៈដែលពួកគេ គ្មានលទ្ធភាពទៅរៀននៅសាលារដ្ឋ។
លោក លាង ប៊ុនលាភ ប្រធានអង្គការអនាគតកុមាររុងរឿង បានឲ្យដឹងថា អង្គការអនាគតកុមាររុងរឿង ដែលមានទីតាំងនៅសង្កាត់ផ្សារដើមថ្កូវ នឹងទទួលកុមារចំនួន៥០ នាក់បន្ថែមទៀត ដែលបច្ចុប្បន្ន មានកុមារ៧២ នាក់មកហើយ បានទទួលការអប់រំនៅថ្នាក់បឋមសិក្សា ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី ៦ ហើយអាចបញ្ជូនពួកគេទៅសាលារដ្ឋបាន។ លោកបន្តថា ពួកគេសុទ្ធតែជាក្មេងកំព្រា និងជាក្មេងដែលមានគ្រួសារក្រីក្រ និងមានវិបត្តិនៅក្នុងក្រុមគ្រួសារ គ្មានលទ្ធភាពទៅសាលារៀន។ ពួកគេស្ថិតនៅក្នុងវ័យដែលត្រូវទទួលការសិក្សា តែបែរជាទៅតាមឪពុក ម្តាយ ឬក្រុមគ្រួសាររកប្រាក់ទៅវិញ ។
លោក បន្ថែមថា៖«តាមពិតយើងចង់ទទួលកុមារក្រីក្រច្រើនជាងនេះទៅទៀត តែយើងគ្មានលទ្ធភាព ព្រោះអង្គការរបស់យើងក៏ខ្វះខាតសម្ភារ និងគ្រូផងដែរ»។
អង្គការអនាគតកុមាររុងរឿងត្រូវបានបង្កើតឡើង នៅឆ្នាំ២០០១ ដោយអាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែកាលនោះ មិនមានសំណង់ឬអគារអ្វីឡើយ។ លុះមកដល់ឆ្នាំ ២០០៣ ក្រុមអ្នកទេសចរជនជាតិអូស្រ្តាលីមួយក្រុម បានទៅទស្សនាអង្គការនេះដោយផ្ទាល់ ហើយបានឃើញនូវស្ថានភាពដ៏លំបាក របស់អង្គការនេះ ក៏បានជួយអង្គការនេះដើម្បីផ្តល់ការអប់រំ និងគាំពារដល់ក្មេងៗក្រីក្រដែលមិនមានលទ្ធភាពទៅសាលារៀន។
លោក ដុច ឃុន ចៅសង្កាត់ផ្សារដើមថ្កូវបានសរសើរអង្គការនេះថាបានជួយធ្វើឲ្យ កុមារក្រីក្រ ទាំងអស់នោះ មានសង្ឃឹមឡើងវិញ។ លោកបន្តថា៖«ការជួយក្មេងក្រីក្រនៅក្នុងសហគមន៍ដែលមិនមាន លទ្ធភាពទៅសាលារៀន ឲ្យទទួលបានការអប់រំ ក៏ដូចជាការជួយរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងចូលរួមជួយលើកស្ទួយវិស័យអប់រំផងដែរ»។
កុមារី ដាន ចិន្តា អាយុ ១០ ឆ្នាំ រៀនថ្នាក់ទី៣ បាននិយាយថា កន្លងមក រូបគេមិនបានចូលរៀន ដោយសារតែរវល់ជួយលក់នំឲ្យម្តាយរបស់គេ។ ចិន្តាបានបញ្ជាក់ថា៖«ម៉ាក់អត់ឲ្យខ្ញុំទៅរៀនទេ ទើបត្រូវអង្គការឃើញ ក៏បានជួយខ្ញុំឲ្យបានមករៀននៅក្នុងសាលារបស់អង្គការនេះ។ ខ្ញុំសប្បាយចិត្ត ព្រោះបានរៀនដូចគេដូចឯង ខ្ញុំក្រតែខ្ញុំក៏រៀនសូត្របានដែរ»៕
No comments:
Post a Comment
I like Blogger