តំណាងប្រជាពលរដ្ឋទៅសុំជំនួយពីអង្គការអាដហុកកាលពីថ្ងៃសុក្រ។ រូបថត អង្គការអាដហុក
រតនគិរីៈ ប្រជាពលរដ្ឋចំណាកស្រុក ក្នុងខេត្តរតនគិរី ជាង២៨០ គ្រួសារ កំពុងស្វះស្វែងរកអន្តរាគមន៍ ពីអង្គការក្រៅរដ្ឋាភិបាល បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានបង្ខំឲ្យពួកគាត់ ចាកចេញពីលំនៅដ្ឋាន និងត្រូវបានប្រើគ្រឿងចក្រ ឈូសឆាយបំផ្លាញផលដំណាំ និងទ្រព្យសម្បត្តិរបស់ពួកគាត់។
អ្នកស្រី ឯក អង អាយុ ៥២ ឆ្នាំ តំណាងប្រជាពលរដ្ឋចំនួន២៨៥ គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិបរកែវចាស់ ឃុំឡាមិញ ស្រុកបរកែវ បានឲ្យដឹងកាលពីម្សិលមិញថា អាជ្ញាធរ បានបង្ខំឲ្យប្រជាពលរដ្ឋទាំងអស់ ផ្លាស់ប្តូរលំនៅដ្ឋានចេញពីដីទំហំ៤ហិកតា ឲ្យទៅរស់នៅក្នុងព្រៃឆ្ងាយដាច់ស្រយាលមួយ។ អ្នកស្រីបញ្ជាក់ថា៖«ពួកយើងសុទ្ធតែក្រីក្រ។ ស៊ីឈ្នួលធ្វើកម្មករគេគ្រាន់បានរស់ខ្លះ។ តែបើអាជ្ញាធរ ឲ្យពួកយើងទៅនៅក្នុងព្រៃឆ្ងាយនោះ វារឹតតែធ្វើឲ្យយើងជួបការលំបាកខ្លាំងឡើងថែមទៀត។ យើងខ្ញុំសុំនៅកន្លែងដើមនេះ»។
ប្រជាពលរដ្ឋចំនួន៩នាក់តំណាង ឲ្យពលរដ្ឋទាំង ២៨៥ គ្រួសារបាននាំគ្នាមកសុំអន្តរាគមន៍ ពីសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី កាលពីព្រឹកថ្ងៃសុក្រ។ សមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តបានចេញកំណត់ហេតុមួយ បន្ទាប់ពីបានធ្វើការសាកសួរតំណាងប្រជាពលរដ្ឋទាំង៩នាក់នោះ។ បើតាមកំណត់ហេតុ ប្រជាពលរដ្ឋចំណាកស្រុកទាំងអស់បានចាប់ផ្តើមទៅរស់នៅក្នុងតំបន់ នោះចាប់ពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០១២។ កាលពីឆ្នាំ២០០៥ អាជ្ញាធរនិងកម្លាំងចម្រុះ បានប្រើគ្រឿងចក្រចំនួន២ គ្រឿងឈូសឆាយផលដំណាំរបស់ប្រជាពលរដ្ឋដើម្បីបង្ខំឲ្យប្រជាពលរដ្ឋ ធ្វើការរុះរើចេញពីតំបន់នោះ។ កំណត់ហេតុនេះ បញ្ជាក់ថា៖«ស្រ្តីមេម៉ាយម្នាក់ បានដុតផ្ទះខ្លួនឯងចោលដើម្បីតវ៉ា ហើយនៅពេលនោះអាជ្ញាធរបានផ្អាកការបណ្តេញចេញ»។
លើសពីនោះទៀត កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២ គឺមួយខែមុនពេលលោកនាយរដ្ឋមន្រ្តីហ៊ុន សែនអញ្ជើញទៅចែកប័ណ្ណកម្មសិទិ្ធដីធ្លី ជូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីនោះ កម្លាំងសមត្ថកិច្ចស្រុកបរកែវ មានមេឃុំ មេប៉ុស្តិ៍ កម្លាំងប៉េអឹម បានបង្ខំឲ្យប្រជាពលរដ្ឋធ្វើការរុះរើផ្នែកខាងកើតភូមិចេញជា បន្ទាន់។ នៅពេលដែលមិនមានការរុះរើនោះ កម្លាំងប៉េអឹម និងកម្លាំងប៉ូលិស បានរួមដៃគ្នា វាយកម្ទេចសម្ភារប្រើប្រាស់របស់ពលរដ្ឋ និងចាប់បង្ខំឲ្យពួកគាត់ផ្តិតមេដៃយល់ព្រមរុះរើផ្ទះនិងឲ្យចាក ចេញភ្លាម។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា លោកបានចុះទៅអង្កេតដល់កន្លែងកើតហេតុបន្ថែមទៀត កាលពីម្សិលមិញ បន្ទាប់ពីបានសាកសួរតំណាងប្រជាពលរដ្ឋទាំងនោះ។ លោកបានបញ្ជាក់ថា៖ «ទីនោះ មានលក្ខណៈដូចជាភូមិដ៏ធំមួយ ដែលមានផ្ទះឈើតូចធំ និងគ្រួសារខ្លះប្រក់តង់នៅ។ ខ្ញុំបានទទួលស្នាមមេដៃពីពលរដ្ឋចំនួន ២១៨ គ្រួសារសូមឲ្យជួយ។ ខ្ញុំនឹងចាត់ការតាមនីតិវិធីច្បាប់ដោយសុំឲ្យអាជ្ញាធរផ្តល់ ដីសង្គមកិច្ចសមស្រប ជូនដល់ប្រជាពលរដ្ឋទាំងនោះ»។
លោក មិន រេន នាយប៉ុស្តិ៍ឃុំ ឡាមិញ បានបដិសេធថា មិនដែលមានកម្លាំងចម្រុះណាទៅធ្វើការបំផ្លាញផលដំណាំ និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនោះទេ។ លោក មិន រេន បានគូសបញ្ជាក់ថា៖«ប្រជាពលរដ្ឋ បានមករស់នៅលើដីរដ្ឋបែប អនាធិបតេយ្យរញ៉េរញ៉ៃ។ ឲ្យតែផឹកស៊ី គឺមានឈ្លោះវាយកាប់ចាក់គ្នាហើយ។ ពេលរដ្ឋត្រូវការដីពួកគេមិនព្រមចេញនោះទេ»។
លោក ប៉ែន សុផុន មេឃុំឡាមិញបានឲ្យដឹងថា កន្លែងដែលប្រជាពលរដ្ឋកំពុងរស់នៅនោះ គឺជាអតីតព្រលានយន្តហោះសម័យសង្គមរាស្រ្តនិយម។ ពេលនេះ រដ្ឋត្រូវការដីនោះ ដើម្បីយកទៅដាក់ទីស្នាក់ការស្រុកថ្មី ដោយរួមមានទាំងការកសាងមន្ទីរពេទ្យ ផ្សារទំនើប សួនច្បារនិងតារាងបាល់ជាដើម។
លោកប៉ែន សុផុន បានថ្លែងបន្តថា៖« មានតែប្រជាពលរដ្ឋជាង១៣០ គ្រួសារប៉ុណ្ណោះ មិនមែនជាង២០០ គ្រួសារនោះទេ។ យើងបានរៀបចំដីនៅជិតនោះឲ្យពួកគាត់រស់នៅ។ មិនមែនឲ្យទៅនៅក្នុងព្រៃឯណានោះទេ»៕
No comments:
Post a Comment
I like Blogger