អ្នកភូមិបឹងកក់ នៅក្នុងការតវ៉ាមួយ ដែលនគរបាលធ្វើការទប់ស្កាត់កាលពីពេលកន្លងមក។ រូបថត ផា លីណា
លោក ដួង ឈើត អាយុ ៥១ ឆ្នាំ ដែលដីនិងលំនៅដ្ឋានរបស់គាត់ ត្រូវបានក្រុមហ៊ុន បូមខ្សាច់កប់ពន្លិចកាលពីពាក់កណា្ដលឆ្នាំ ២០១១ ដោយគ្មានសំណង សូម្បីតែមួយរៀលនោះ បាននិយាយទាំងទឹកមុខក្រៀមក្រំថា ឥឡូវនេះ ភាគីក្រុមហ៊ុន បានចាប់ផ្ដើមដំណើរការសាងសង់របងហ៊ុមព័ទ្ធដីរបស់ពួកគាត់ជិតអស់ ទៅហើយ ប៉ុន្តែដំណោះស្រាយនៅមិនទាន់មានជាសញ្ញាណាមួយ នៅឡើយទេ។ លោកថ្លែងថា៖«យើងពិតជាមានក្ដីបារម្ភខ្លាំងណាស់នៅពេលនេះ ពីព្រោះយើងនៅមិនទាន់ទទួលបានចម្លើយវិជ្ជមានណាមួយ ស្ដីពីដំណោះស្រាយ ពីអាជ្ញាធរនោះទេ ខណៈក្រុមហ៊ុន បានសាងសង់របងហ៊ុមព័ទ្ធដីរបស់យើងអស់ទៅហើយនោះ»។
លោកបន្តថា បន្ទាប់ពីដី នឹងផ្ទះរបស់លោក ត្រូវបានក្រុមហ៊ុន ស៊ូកាគូអ៊ីន បូមពន្លិច និងវាយកម្ទេចចោលអស់ កូនៗរបស់លោក បានបង្ខំចិត្តឈប់ទៅរៀន ហើយទៅរកការងារធ្វើជំនួសវិញ ដើម្បីជួយរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ និងបង់ថ្លៃផ្ទះជួល ខណៈប្រពន្ធរបស់លោក ខិតខំស្វះស្វែងចេញតវ៉ា ទាមទារឲ្យអាជ្ញាធរ ដោះស្រាយ ដោយបែងចែកចំណែកដី ១២,៤៤ ហិកតា ដែលលោកនាយករដ្ឋមន្ត្រីបានកាត់ចេញពីក្រុមហ៊ុន ទុកចែកឲ្យប្រជាពលរដ្ឋដើម្បីសង់លំនៅដ្ឋានរស់នៅ។
កាលពីថ្ងៃ ពុធ ក្រុមអ្នកភូមិទាំងនេះ បាននាំគ្នាទៅទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីសាកសួរអំពីព័ត៌មាន ទាក់ទងទៅនឹងការដាក់ញតិ្តរួមគ្នារបស់ពួកគេ កាលពីដើមខែមករា ដោយស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានិត អនុប្រធានអាជ្ញាធរដោះស្រាយវិវាទដីធ្លី និងជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ប៉ុន្តែពួកគាត់ ត្រូវបានមន្ត្រីម្នាក់ ដែលបម្រើការនៅក្នុងស្ថាប័ននោះប្រាប់ថា ញតិ្តរបស់ពួកគាត់ ត្រូវបានបញ្ជូនទៅដល់ដៃរបស់ថ្នាក់ដឹកនាំរួចហើយ និងបានសុំឲ្យអ្នកភូមិវិលត្រឡប់ទៅផ្ទះវិញ ដោយបានសន្យាថា នឹងផ្ដល់ដំណឹងដល់ពួកគាត់ យ៉ាងយូរ នៅចុងសប្ដាហ៍នេះ៕
No comments:
Post a Comment
I like Blogger