ព្រះសង្ឃ និងពុទ្ធបរិស័ទរាប់ម៉ឺនអង្គ-នាក់ សូត្រធម៌ និងគោរពព្រះបរមសពសម្តេចឪ នៅមុខព្រះបរមរាជវាំងកាលពីយប់ថ្ងៃសៅរ៍។ រូបថត ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ មេដឹកនាំមកពីប្រទេសយ៉ាងហោចណាស់ចំនួន ១៣ ប្រទេស គ្រោងនឹងចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសពព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅថ្ងៃទី ៤ ខែកុម្ភៈ នៅវាលព្រះមេរុ នៅខាងមុខសារមន្ទីរជាតិ ខាងជើងព្រះបរមរាជវាំង។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រសួងការបរទេស កាលពីថ្ងៃទី ២៥ ខែ មករា បានឲ្យដឹងថា មេដឹកនាំទាំងនោះ មកពីប្រទេសចិន បារាំង វៀតណាម សិង្ហបុរី ឡាវ ហ្វីលីពីន ជប៉ុន ប្រ៊ុយណេ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា សាធារណរដ្ឋកូរ៉េ និងអូស្រ្តាលី។
លោក Jia Qinglin ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយ ប្រជាជនចិន លោក Jean-Marc Ayrault នាយករដ្ឋមន្រ្តីបារាំង និងព្រះអង្គ Akishino នឹងចូលក្រាបបង្គំគាល់ សម្តែងការគួរសម ជាមួយនឹងព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ នៅព្រះបរមរាជវាំង។
ព្រះមហាវីរក្សត្រសីហនុ បានសោយទិវង្គត ក្នុងព្រះជន្ម ៩០ ព្រះវស្សា នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំមុន។ បច្ចុប្បន្ន ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានតម្កល់នៅក្នុងព្រះបរមរាជវាំង សម្រាប់សាធារណជនចូលក្រាបបង្គំ សម្តែងគារវកិច្ចចំពោះព្រះអង្គ។ ព្រះបរមសព នឹងត្រូវដង្ហែចេញពីព្រះបរមរាជវាំង នៅថ្ងៃទី១ ខែកុម្ភៈ ទៅទីលានថ្វាយព្រះភ្លើង ហើយបានតម្កល់សម្រាប់រយៈពេល ៣ ថ្ងៃ មុនពេលថ្វាយព្រះភ្លើងនៅថ្ងៃទី ៤ ខែកុម្ភៈ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីព័ត៌មានបានថ្លែងកាលពីសប្តាហ៍មុនថា មនុស្សយ៉ាងហោចណាស់ ១,៥ លាននាក់ នឹងចូលរួមក្នុងព្រះរាជពិធីនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងខេត្តផ្សេងៗថា ពិធីថ្វាយព្រះភ្លើង គឺជាការសម្តែងគារវកិច្ចធំបំផុត និងជ្រាលជ្រៅបំផុតចំពោះសម្តេចឪ។
នាយករដ្ឋមន្រ្តី ថៃ ឡាវ វៀតណាម បារាំង អនុប្រធានាធិបតីហ្វីលីពីន និងព្រះអង្គ Akishino នឹងជួបប្រជុំដាច់ដោយឡែកជាមួយនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ហើយមេដឹកនាំដទៃទៀតក៏នឹងជួបប្រជុំដោយឡែកជាមួយនឹងលោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសផងដែរ៕ TK
No comments:
Post a Comment
I like Blogger