ភរិយារបស់ជនជាប់ចោទរឿងបង្កចលនាអបគមន៍នៅ ខេត្តក្រចេះ។ រូបថត Will Baxter
ក្រចេះ : លោក ចាន់ សុវណ្ណ លោក ទូច រិន លោក ភន ស្រឿន អ្នកទាំងនេះសុទ្ធជាមនុស្សគ្មានឈ្មោះបោះសំឡេង។ មនុស្សតិចតួចបំផុតដែលស្គាល់ពួកគេ មានតែមួយចំនួនតូចប៉ុណ្ណោះ ដែលនឹកឃើញថា អ្នកទាំងនេះកំពុងជាប់ពន្ធនាគារ ដោយសារជាប់ពាក់ព័ន្ធនឹងអ្វីដែលហៅថាចលនាអបគមន៍នៅខេត្ត ក្រចេះ។
កាលពីខែតុលា លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុឯករាជ្យ ត្រូវបានផ្តន្ទាទោស ២០ឆ្នាំ ចំពោះបទល្មើសដែលពុំមានបង្ហាញអំពីភស្តុតាងដែលគួរឲ្យជឿ ជាក់នៅឡើយទេ។ លោក ម៉ម សូណង់ដូ អាយុ៧១ឆ្នាំ ជាបន្លាយយូរមកហើយនៅក្នុងភ្នែករដ្ឋាភិបាល ដែលត្រូវបានចាប់ខ្លួនពីរដងរួចមកហើយ ផ្អែកលើបទចោទប្រកាន់ ដែលមនុស្សជាទូទៅជឿជាក់ថា ជា បទចោទប្រឌិតឡើង និងត្រូវគេហៅភ្លាមៗ ថាជាអ្នកទោសនយោបាយ។
លោក សូណង់ដូ ជាបុគ្គលដែលមានអំណាចដ៏កម្រដែលអាចឈានទៅដល់ប្រជាជនកម្ពុជា រាប់លាននាក់។ លោកជាមនុស្សដែលអាចប្រែទៅជាអ្នកនយោបាយយ៉ាងងាយ និងជាមនុស្សដែលហ៊ានចែករំលែកការរិះគន់រដ្ឋាភិបាលជាមួយនឹងអ្នក បោះឆ្នោតងាយរងគ្រោះនៅកម្ពុជា។ មានន័យថា លោក សូណង់ដូ ជាមនុស្ស គោលដៅសំខាន់ត្រូវបំបិទមាត់។
លោក សុវណ្ណ លោក រិន និងលោក ស្រឿន មិនមែនជាបុគ្គលសំខាន់ទេ។ ប៉ុន្តែ លោក សុវណ្ណ ត្រូវជាប់ពន្ធនាគារ ៣ឆ្នាំ លោក រិន ត្រូវជាប់ ៥ ឆ្នាំ និងលោក ស្រឿន ត្រូវជាប់១០ខែ។ អ្នកជិតខាង ៥ នាក់ទៀត ក៏ត្រូវបានចាប់ខ្លួនដែរ បន្ទាប់ពីការបង្ក្រាប ប៉ុន្តែ ទទួលទោសព្យួរជាថ្នូរនឹងចម្លើយជាកសិណ ដែលចោទប្រកាន់លើអ្នកឯទៀត។
ភរិយាលោក រិន និយាយថា គាត់ទទួលបានឱកាសឲ្យធ្វើដូចគ្នាដែរ ប៉ុន្តែគាត់ «សប្បាយចិត្តជាងជាប់ពន្ធនាគារមួយជីវិត ជាជាងចោទប្រកាន់អ្នកណាដែលខ្ញុំមិនស្គាល់»។
ឥទិ្ធពលពីខាងក្រៅលើការគ្រប់គ្រងរបស់ខ្លួន នាំឲ្យបុរសទាំងបីហាក់ដូចជាក្លាយជាអ្នកជាប់ទោសដោយមិន ដឹងរឿងពិត។ មកដល់ថ្ងៃនេះនៅតែមិនច្បាស់នៅឡើយ ថាតើហេតុអ្វីបានជាទៅចំលើពួកគេ?
ខុសពីលោក ប៊ុន រដ្ឋា ដែលរដ្ឋាភិបាលហៅថា មេខ្លោង បុរសទាំងបីនាក់ពុំបានខិតខំអប់រំអ្នកជិតខាងអំពីច្បាប់ដី ធ្លីទេ។ ពួកគេមិនមែនជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ទេ។ តាមប្រជាជនដែលស្គាល់ពួកគេ ថា ពួកគេមិនចូលរួមសកម្មភាពអ្វីដែរ។
តើពួកគេជាអ្នកណា? បើពួកគេគ្រាន់តែជាអ្នកដាំដំឡូងមី លក់ដំឡូងមី និងរកប្រាក់ចំណេញមកចិញ្ចឹមក្រុមគ្រួសាររបស់ខ្លួននោះ។ ឥឡូវនេះ ពួកគេជាប់ពន្ធនាគារទៅហើយ។
អ្នកស្រី ភូ ប្រពន្ធលោក សុវណ្ណ ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ៖ «ខ្ញុំអស់សង្ឃឹមខ្លាំងណាស់»។ ពេលអ្នកស្រី ភូ និយាយអំពីប្តីថា ស្បែកជុំវិញភ្នែកអ្នកស្រីឡើងជ្រួញ ហើយប្រែសំឡេងជានិយាយខ្លាំងៗ។ ទំនងមិនអាចទប់ចិត្តបាន អ្នកស្រីហាក់និយាយមនុស្សដូចឡប់សតិ។
ចំពោះគ្រួសារ ការចាប់ខ្លួនមានផលប៉ះពាល់។ ស្ទើរគ្រប់គ្នាដែលបានធ្វើចម្ការលើដីដែលចាត់ទុកថា ចាប់យកដោយចលនាអបគមន៍របស់លោក ប៊ុន រដ្ឋា បានបាត់បង់ដីចម្ការរបស់ខ្លួន ក្នុងអំឡុងពេលចុះបង្ក្រាបកាលពីខែឧសភា ប៉ុន្តែ ប្រពន្ធអ្នកទាំងនេះក៏បាត់បង់ប្រភពប្រាក់ចំណូលជាចម្បងនេះដែរ ដោយសារតែការបាត់ខ្លួនស្វាមីពីផ្ទះ។
អ្នកស្រី ផាត់ ភីន ប្រពន្ធលោក ស្រឿន បាននិយាយថា ៖ «កូនរបស់ខ្ញុំទៅធ្វើការនៅចម្ការអ្នកជិតខាងឥឡូវនេះ គេទៅដកដំឡូងមី។ ពួកគេរកបាន១ម៉ឺនរៀលក្នុង១ថ្ងៃ ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីជីវភាពគ្រួសារទេ»។
ប្តីប្រពន្ធទាំងពីរ មានកូនប្រាំនាក់អាយុពី២ទៅ១៦ឆ្នាំ។ អង្គុយនៅផ្ទះអ្នកជិតខាង អ្នកស្រី ភីន ប្រឡែងជាមួយនឹងកូនស្រីតូចខណៈកំពុងពន្យល់ អំពីស្ថានការណ៍ដែលកូនច្បងរបស់គាត់កំពុងតែប្រឈមសព្វថ្ងៃ។
កូនច្បងអាយុ១៦ ឆ្នាំរបស់គាត់ធ្វើការនៅឯចម្ការរាល់ថ្ងៃ បន្ទាប់ពីចេញពីសាលា ចំណែកកូនអាយុ១២ ឆ្នាំវិញក៏ទៅជួយបងវាដែរ។ «ពួកគេទាំងពីរត្រូវធ្វើការ ព្រោះយើងរស់នៅក្នុងស្ថានភាពពិបាកណាស់»។
ចំណែក អ្នកស្រី សុខ គា ដើម្បីចិញ្ចឹមគ្រួសារគាត់បានផ្លាស់ទៅនៅជាមួយឪពុកម្តាយ បន្ទាប់ពីលោក រិន ជាប្តីត្រូវចាប់ខ្លួន។
អ្នកស្រី គា ពន្យល់ថា ៖ «ប្តីមិននៅ ខ្ញុំមិនហ៊ាននៅផ្ទះទេ ព្រោះខ្ញុំខ្លាច ពេលរស់នៅតែម្នាក់ឯង»។ កូនស្រីអាយុ១០ខែអង្គុយពីលើភ្លៅម្ខាង កូនអាយុ៦ឆ្នាំ អង្គុយខាងមុខ សម្លឹងទៅមុខដោយមិនប្រិចភ្នែក ដូចម្តាយនាងអ៊ីចឹង។
នៅពេលយើងសួរគាត់ ថាតើអ្នកស្រីមានប្រាក់គ្រប់គ្រាន់ដែរទេ? គាត់ឆ្លើយថា៖ «បើខ្ញុំមានប្រាក់ ខ្ញុំនឹងទៅលេងប្តីខ្ញុំ»។
ស្រ្តីម្នាក់ៗ បានទៅសួរប្តីនៅពន្ធនាគារបាន២ដង ចាប់តាំងពីត្រូវចាប់ខ្លួន។ ភាគច្រើន ពួកគេមិនអាចបន្តទាក់ទងជាមួយនឹងប្តីឡើយ ដោយសារគ្មានលុយសូកប៉ាន់ឆ្មាំគុក ដើម្បីខ្ចីទូរស័ព្ទ។
អ្នកស្រី ភូ បញ្ជាក់ថា ៖ «ខ្ញុំប្រុងទៅជួប សុវណ្ណ ក្នុងពេលឆាប់ៗនេះ ព្រោះឮថាគាត់ឈឺ។ គាត់ក្អកនិងមានបញ្ហាសួត»។ មកទល់ពេលនេះ គាត់អាចប្រមូលបាន ៥ម៉ឺនរៀលពីអ្នកភូមិ ដើម្បីធ្វើដំណើរ១០ ម៉ោង ពីភូមិប្រមា ទៅកាន់គុកព្រៃស។
ការធ្វើដំណើរនេះ អាចជាលើកទី១ ក្នុង៣ខែចុងក្រោយ។ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានចេញសោហ៊ុយឲ្យពីរដងដែរ ដល់ភរិយាជនជាប់ចោទម្នាក់ៗ ប៉ុន្តែ គាត់ពុំបានព័ត៌មានអ្វីឡើយ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមក។
អ្នកស្រី ភីន ប្រាប់ថា៖ «ខ្ញុំដឹងថា ប្តីខ្ញុំធ្វើការនៅពន្ធនាគារ ដាំត្រកួន និងធ្វើគ្រឿងសង្ហារិម។ នោះជាអ្វីដែលបានខ្ញុំដឹង»។
លោក សុវណ្ណ និងលោក រីន រង់ចាំសវនាការបណ្តឹងឧទ្ធរណ៍ រីឯលោក ស្រឿន វិញមិនខ្វល់ទេព្រោះនីតិវិធីបណ្តឹងឧទ្ធរណ៍អាចត្រូវការពេល យូរជាងទោស។
ក្តីសង្ឃឹមទទួលបាននូវព្រះរាជទានលើកលែងទោស នៅមានបើទោះជាមេធាវីបានព្យាយាមប្រាប់ថា «កុំរំពឹងខ្លាំងពេកក៏ដោយ»។
អ្នកស្រី គា និយាយថា៖ «ខ្ញុំចង់សុំព្រះរាជអាជ្ញាលើកលែងទោសឲ្យគាត់ ព្រោះវាពិបាកក្នុងការរស់នៅដោយគ្មានប្តី។ ខ្ញុំបានសួរមេធាវីខ្ញុំ តែគាត់ថា គាត់មិនដឹងទេ [ថាតើប្តីខ្ញុំមានសិទិ្ធទទួលការប្រទានឬយ៉ាងណា?]។
លក្ខណសម្បតិ្តដើម្បីទទួលបានព្រះរាជលើកលែងទោសគឺ ត្រូវជាប់ទោស២ភាគ៣ មានសុខភាពមិនល្អនិងមានកិរិយាល្អ។
តើបុរសទាំងនេះ មានលក្ខណសម្បតិ្តដែរទេ? ពួកគេជួយបង្កើតរដ្ឋក្នុងរដ្ឋ។ ពួកគេប្រមូលប្រជាជនរាប់រយគ្រួសារ បែងចែកដីក្នុងចំណោមពួកគេ ហើយបង្កើតចលនាបំបែករដ្ឋហិង្សា។ នៅពេលនគរបាលប្រដាប់អាវុធ កងរាជអាវុធហត្ថនិងទាហាន២០០នាក់ ចុះបង្ក្រាបភូមិប្រមា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំមុនអ្នកទាំងបីបានញុះញង់អ្នកភូមិឲ្យកាន់ពូថៅ ចប ហើយសងសឹកវិញ។ ពេលឧទ្ធម្ភាគចក្រហោះពីលើ ហើយកងសន្តិសុខបានបាញ់សម្លាប់ក្មេងស្រីអាយុ១៤ ឆ្នាំម្នាក់ លោក សុវណ្ណ រិន និងស្រឿន បានវាយបកក្នុងចំណោមអ្នកដទៃទៀត។
ទោះជាយ៉ាងណា ទាំងនេះគឺជាការពន្យល់របស់រដ្ឋាភិបាល។ ដោយភ្លេចគិតថា ពួកគេមិនបានស្គាល់គ្នាសោះ មុនកើតហេតុ។ ដោយបំភ្លេចថា ពួកគេមិនបានជួបនិងឮ ពីលោក ប៊ុន រដ្ឋា និងលោក ម៉ម សូណង់ដូ ផង។
គេបានបំភ្លេចថា អ្នកទាំងបីគ្រាន់តែចង់បានដីមួយដុំតូច ដែលពួកគេបានធ្វើស្រែចម្ការ៧-៨ ឆ្នាំហើយនោះ។ ៩ខែបន្ទាប់ពីឧប្បតិ្តហេតុ ដែលអ្នកភូមិហៅថា ជាការបណ្តេញចេញដោយហិង្សា ប្រពន្ធពួកគេបានថ្លែងថា រឿងរ៉ាវវាមិនស៊ីគ្នាទេ។
អ្នកស្រី ភូ បន្តថា៖ «ប្តីខ្ញុំមិនពាក់ព័ន្ធនឹងសមាគម។ គាត់មិនមែនជាអ្នកនយោបាយ។ ពេលខ្លះ ខ្ញុំចូលរួមកិច្ចប្រជុំរបស់ ប៊ុន រដ្ឋា ជាប្រជាជនសាមញ្ញ។ ក្នុងករណីនោះ ប៊ុន រដ្ឋា ក៏គ្មានពិរុទ្ធដែរ។ អ្វីដែលគាត់ធ្វើ គឺជួយអ្នកភូមិបានដីពីក្រុមហ៊ុន។ គាត់បានជោគជ័យ តែក្រុមហ៊ុនបានយកវិញហើយ»។
ក្នុងផ្ទះតូចមួយមិនឆ្ងាយប៉ុន្មាន ពីកន្លែងបណ្តេញចេញដ៏ធំនៅកម្ពុជា ថ្មីៗនេះ អ្នកស្រី ភូ ,គា និង ភីន បាននិយាយអំពីភាពអយុតិ្តធម៌ រហូតទាល់ពួកគេស្អកក។
ពេលស្រ្តីទាំងនោះនិយាយចប់ ក្មេងស្រី រិន ចន្ធី អាយុ ៦ ឆ្នាំ បានរត់តាមអ្នកយកព័ត៌មាន ដើម្បីនិយាយផ្តាំផ្ញើបន្ថែមថា៖ «ខ្ញុំបានដឹងថា ឪពុកខ្ញុំគាត់ជាប់ក្នុងពន្ធនាគារ។ ខ្ញុំចង់ទៅជួបគាត់នៅទីនោះ។ ខ្ញុំនឹកគាត់ណាស់ពូ»។ សំឡេងរបស់ក្មេងស្រីម្នាក់នេះពោរពេញទៅដោយភាពអស់សង្ឃឹម គឺដូចគ្នានឹងម្តាយរបស់នាងដែរ៕ TK
No comments:
Post a Comment
I like Blogger