Friday, 18 Ja nuary 2013 លៀង សារិទ្ធ Phnom Penh Post
ភំ្នពេញៈ ជនជាប់ចោទជាអតីតប្រធានមន្ទីរធនធានទឹក
ខេត្ត អភិបាលស្រុក មេឃុំ និងជាមន្ត្រីជលផលខ្លះផង ទាំងអស់២៨នាក់
កាលពីព្រឹកម្សិលមិញ ត្រូវសាលាដំបូងរាជធានីភំ្នពេញ
ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ
និងត្រូវបង់ប្រាក់ពិន័យផង ពាក់ព័ន្ធនឹងករណីកាប់រានដីរដ្ឋ
ផ្ទុយពីច្បាប់ជលផល នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
កាលពីឆ្នាំ២០១១។
ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ប្រកាសពីម្សិលមិញថា
ជនជាប់ចោទដែលមានមន្ត្រីថ្នាក់មន្ទីរខេត្ត មន្ត្រីជលផល
អតីតអភិបាលស្រុក មេឃុំ ប្រធានសហគមន៍ និងអ្នកតំណាងពលរដ្ឋទាំង២៨នាក់
ម្នាក់ៗសុទ្ធតែមានទោស តែខ្លះគឺគ្រាន់តែព្យួរទោស
និងពិន័យប្រាក់តិចតួច ពាក់ព័ន្ធនឹងការរុករានដី សង់អាងទឹក
និងដកបង្គោលព្រំខណ្ឌតំបន់ជលផល ក្នុងស្រុកស្ទោង ខេត្តកំពង់ធំនោះ។
លោក កែវ មុនី
ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីបានប្រកាស
សេចក្តីសម្រេចផ្តន្ទាទោស លោក ជាតិ ស៊ីវុត្ថា អាយុ៤៨ឆ្នាំ
អតីតប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ
ដាក់ពន្ធនាគារ៣ឆ្នាំ តែអនុវត្ត២ឆ្នាំ និងពិន័យប្រាក់១០លានរៀល
អ្នកស្រី យក់ គឹមឡេង អាយុ៤១ឆ្នាំ
អតីតប្រធានសហគមន៍ដាក់ពន្ធនាគារ៥ឆ្នាំ តែអនុវត្ត៤ឆ្នាំ
និងពិន័យ៥លានរៀល លោក ព្រឹម រដ្ឋា អតីតអភិបាលស្រុកស្ទោង
ដាក់ពន្ធនាគារ៣ឆ្នាំ តែត្រូវបានព្យួរ និងពិន័យ៥លានរៀល លោក ពាញ ពូល
អាយុ៤១ឆ្នាំ មេឃុំសំព្រោជ ដាក់ពន្ធនាគារ២ឆ្នាំ អនុវត្ត១ឆ្នាំ
ពិន័យ៥លានរៀល លោក ម៉េង ផល្លី
អាយុ៥០ឆ្នាំអ្នកតំណាងឲ្យពលរដ្ឋ១២៣គ្រួសារ ដាក់ពន្ធនាគារ៥ឆ្នាំ
អនុវត្ត៤ឆ្នាំ និងពិន័យ៥លានរៀល លោក តន ចាន់សីហា
អតីតនាយផ្នែកជលផលស្រុកស្ទោង ដាក់ទោស៣ឆ្នាំតែត្រូវព្យួរ លោក ប៉ែន
វណ្ណរិទ្ធ
នាយខណ្ឌរដ្ឋបាលជលផលស្រុកស្ទោងដាក់ទោស៣ឆ្នាំតែត្រូវព្យួរនិង
ពិន័យ៥លានរៀល។
លោក ប្រកាសដែរថា អ្នកទាំងនេះ
ជាប់ចោទពីបទធ្វើអន្តរាគមន៍ផ្តល់ការអនុញ្ញាតដោយផ្ទាល់ឬដោយ
ប្រយោលជួយដល់អាជីវកម្មជលផល
និងធ្វើសកម្មភាពគ្រប់យ៉ាងផ្ទុយនឹងច្បាប់ជលផល
មិនរាងចាលឬមិនដាក់ពាក្យបណ្តឹងចំពោះបទល្មើសជលផលថ្នាក់ទី ១
ដែលបានកើតក្នុងរង្វង់ដែនសមត្ថកិច្ចខ្លួននិងពីបទធ្វើសកម្មភាព
បំពាន ក្នុងតំបន់ហាមឃាត់ដែលជាតំបន់គ្រប់គ្រងដោយស្ថាប័នជលផល
និងស្ថាប័នធនធានទឹក ហើយកាប់គាស់រានឈូសឆាយហ៊ុមព័ទ្ធដីកាន់កាប់
និងធ្វើឲ្យខូចឬបំផ្លាញបង្គោលព្រំខណ្ឌនិងផ្លាស់ប្តូរ រំកិល
ឬជីកបង្គោលព្រំខណ្ឌ ព្រមទាំងជីកប្រឡាយ
និងលើកទំនប់សាងសង់អាងទឹកថ្មីៗ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ
កាលពីឆ្នាំ២០១១-២០១២។
ក្រៅពីជនជាប់ចោទខាងលើតុលាការក៏បានផ្តន្ទាទោសមនុស្ស ២១នាក់ទៀត
ដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះដាក់់ពន្ធនាគារពី២ទៅ៥ឆ្នាំ
និងពិន័យប្រាក់ពី៥លានដល់២០លានរៀលផងដែរ។
លោកចៅក្រម កែវ មុនី ថ្លែងបញ្ជាក់ថា៖ «សាលក្រមនេះប្រកាសហើយ
បើជនជាប់ចោទណាមិនពេញចិត្ត អាចប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់បាន»។
ជនជាប់ចោទជាតិ ស៊ីវុត្ថា បានប្រាប់តុលាការថា
ការកំណត់តំបន់មានក្នុងអនុក្រឹត្យចាប់ពីឆ្នាំ២០១១
តែគេបានបោះបង្គោលព្រំដីក្នុងតំបន់១ និងតំបន់២
មុនអនុក្រឹត្យចេញតំបន់មាន៣ គឺតំបន់១,២និងតំបន់៣
ដែលមានដីសរុប១៦២ពាន់ហិកតា។ តំបន់១និង២
អនុញ្ញាតឲ្យធ្វើអាងប្រឡាយហាមតែតំបន់ទី៣។ លោកបន្តថា
ប្រជាជនស្នើសុំនៅដើមខែមេសា ឆ្នាំ២០១២
និងចុះឈូសឆាយនៅដើមខែឧសភា។ សំណើនោះឆ្លងកាត់ឃុំ ស្រុក
ទើបចូលមកមន្ទីរខេត្ត ហើយបន្តទៅសាលាខេត្តទៀត។
លោកថា៖«ខ្ញុំអនុញ្ញាតឲ្យតែតំបន់១និង២ប៉ុណ្ណោះ
ហើយក៏ហាមមិនឲ្យកាប់រានព្រៃដែរ។
តែខ្ញុំមិនដែលចុះទៅមើលឬឲ្យថ្នាក់ក្រោមទៅមើលទេ»។
លោក ពាញ ពូល និយាយថា គាត់មានដី៥០ហិកតា នៅក្នុងតំបន់នោះ
នៅដើមខែឧសភា ឆ្នាំ ២០១២ បានជួលគ្រឿងចក្រ៣គ្រឿងទៅជីកអាង
ដោយមានការអនុញ្ញាតពីឃុំ-ស្រុក រហូតដល់ថ្នាក់ខេត្ត។
គាត់អះអាងថា៖ «បើគ្មានការឯកភាពពីសមត្ថកិច្ច
ខ្ញុំមិនហ៊ានធ្វើទេ។ខ្ញុំទើបតែជាប់ឆ្នោតជាមេឃុំនៅអាណត្តិទី៣
ខ្ញុំមិនបានចេញលិខិតអីទេ»។
អ្នកស្រី យក់ គឹមឡេង ប្រាប់ថា ដីសហគមន៍មាន៦រយហិកតា
ដីជីកធ្វើអាងជាង៩០ហិកតាកាលពីឆ្នាំ២០០៨និងបានកែសម្រួល
នៅឆ្នាំ២០១១ មានប្រជាជនជាង២០០គ្រួសារមកធ្វើស្រែនៅទីនោះ
ដោយបង់ថ្លៃទឹកឲ្យគាត់ក្នុងមួយហិកតាស្រូវ ១តោន។
អ្នកស្រីបន្តថា នៅឆ្នាំ២០១១
គាត់បានសុំឲ្យមន្រី្តទន្លេសាបកែសម្រួលបង្គោលលេខ៤២ព្រោះ
បោះចំកណ្តាលអាង។ អ្នកស្រីថា៖ «ការជួសជុលអាងនិងការរំកិលបង្គោល
គឺមានការឯកភាពពីលោកអភិបាលខេត្ត»។
រីឯម៉េង ផល្លី បានឲ្យដឹងដែរថា គាត់ជាអ្នកតំណាងឲ្យពលរដ្ឋ ៣ភូមិ
១២៣គ្រួសារ មានដីស្រែ១៧០ហិកតា និងដីអាង ១៥០ហិកតា។ នៅក្នុងឆ្នាំ
២០១២ គាត់បានជួលគ្រឿងចក្រ២គ្រឿងឈួសឆាយនិងជីកអាង។
គាត់បន្តថា៖«គាត់បាននាំពលរដ្ឋទៅដកបង្គោលព្រំតំបន់ចំនួន ៣បង្គោល
ដោយសារតែបង្គោលនោះបោះចូលទៅក្នុងដី៧០០ម៉ែត្រ ហើយការដកនេះ
គឺមានការអនុញ្ញាតពីឃុំនិងស្រុក តែមិនមានលិខិតអីទេ
គឺសុំផ្ទាល់មាត់។ ខ្ញុំមិនដឹងថា មានអនុក្រឹត្យនោះទេ
ហើយក៏គ្មានការណែនាំពីមន្ត្រីមានសមត្ថកិច្ចដែរ»។
លោកមេធាវី ឡាំង គឹមសេង ការពារក្តីឲ្យជនជាប់ចោទឈ្មោះ ឆាង ធា
សុំមិនអធិប្បាយលើសេចក្តីសម្រេចរបស់តុលាការទេ ព្រោះជា
ឆន្ទានុសិទ្ធិរបស់តុលាការ
ម្យ៉ាងជនជាប់ចោទក៏មានសិទ្ធិដាក់បណ្តឹងទៅឧទ្ធរណ៍ដែរ។
លោកបញ្ជាក់ថា ៖ «កូនក្តីខ្ញុំ
បានផ្តិតមេដៃប្តឹងទៅឧទ្ធរណ៍ជំទាស់និងសេចក្តីសម្រេចនេះហើយ»។
លោក ញ៉ែម សារ៉ាត
អ្នកសម្របសម្រួលនៃសមាគមសិទ្ធិមនុស្សអាដហុកខេត្តកំពង់ធំបានថ្លែង
បញ្ជាក់ថា
ខាងអាដហុកខេត្តកំពង់ធំមិនបានទទួលរឿងនេះមកសិក្សានិងអង្កេត ទេ
មួយទៀតគឺរឿងនេះកាត់ក្តីនៅរាជធានី ភ្នំពេញ
លោកមិនអាចសន្និដ្ឋានយ៉ាងណាបានទេ។ លោកថា ៖ «ខ្ញុំមិនដឹងថា
ការសម្រេចរបស់តុលាការនេះសមនឹងអំពើប្រព្រឹត្តរបស់ពួកគាត់ឬយ៉ាង
ណាទេ? តែយ៉ាងណា ក៏វាល្អដែរក្នុងការអនុវត្តច្បាប់
ដើម្បីជាគំរូដល់មន្ត្រីផ្សេងៗទៀត»៕
No comments:
Post a Comment
I like Blogger