ពលករខ្មែរបម្រុងឆ្លងដែនទៅរកការងារធ្វើនៅថៃ ត្រូវឃាត់ខ្លួនអប់រំ។ រូបថត ន ប.ជ ក
ភ្នំពេញៈ ពលករខ្មែរច្រើនជាង៧ពាន់នាក់ រួមនិងមេខ្យល់ខ្លះផង ត្រូវសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន នៅក្នុងដើមឆ្នាំ២០១៣ នេះ មិនឲ្យឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ស្វែងរកការងារធ្វើនៅទីនោះខុសច្បាប់។
គិតតាំងពីដើមឆ្នាំ២០១៣ មកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ កម្លាំងជំនាញរបស់នគរបាលការពារព្រំដែនគោក និងកម្លាំង មូលដ្ឋានទាំង៩ ស្រុក-ក្រុង របស់ខេត្តបន្ទាយមានជ័យ បានសហការគ្នាទប់ស្កាត់ពលករខ្មែរបម្រុងឆ្លងដែនខុសច្បាប់ សរុបទាំងអស់បាន៧.៤៦៤នាក់ ក្នុងនោះ ស្រី២.២៩១ និងកុមារ ៧៤៩នាក់ផង។ នេះបើយោងតាមរបាយការណ៍របស់នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត ចេញផ្សាយលើគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
ក្នុងនោះរបាយការណ៍សមត្ថកិច្ចក៏បានរកឃើញនិងចាប់ខ្លួនមេខ្យល់សកម្មម្នាក់ឈ្មោះ ហៀង ពៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យផងដែរ ហើយឈ្មោះ នេះក៏ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការរួចហើយ បន្ទាប់ពីសួរចប់ លោក លី ច័ន្ទដារ៉ា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បន្ទាយមានជ័យ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ចំនួនពលករខាងលើនេះ គឺជាចំនួនដែលគិតត្រឹមតែរយៈពេល១ខែ ដើមឆ្នាំ២០១៣នេះប៉ុណ្ណោះ។
លោកបន្តថា៖ «ករណីពលករជាង៧ពាន់នេះ កម្លាំងលោកបានឃាត់ខ្លួនធ្វើការអប់រំនិងឲ្យចុះកិច្ចសន្យា បញ្ឈប់ការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅថៃខុសច្បាប់បន្តទៀត មុននឹងឲ្យវិលត្រឡប់ទៅផ្ទះវិញ»។
លោកបន្តថា៖ «យើងមិនមានវិធានការអ្វីក្រៅពីអប់រំពន្យល់ អំពីបញ្ហាប្រឈមនឹងគ្រោះថ្នាក់ ក្នុងការលួចឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃនោះទេ ដែលនេះជាវិធានការតែមួយអាចជួយពួកគេបាន»។
បើតាមរបាយការណ៍ ដដែលនេះថា ពលករបម្រុងធ្វើចំណាកស្រុកទាំងនោះមកពីខេត្តក្រុងទាំង២៤ ក្នុងនោះ ភាគច្រើនទៅធ្វើជាកម្មករដកដំឡូងមី និងកាប់អំពៅឲ្យថៃ។ ពលករខ្លះធ្លាប់ ត្រូវអាជ្ញាធរថៃចាប់ដាក់គុក មានជាប់លើសពី១ខែ ចំនួន៥៦២នាក់ និងជាប់គុកក្រោម១ខែមាន៧.៣២៧នាក់ ហើយដែលភាគច្រើនអ្នកទាំងនោះ មានមកពីខេត្តសៀមរាប ខេត្តពោធិ៍សាត់ កំពង់ធំ និងខេត្តបន្ទាយមានជ័យ។
លោក ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអះអាងថា លោកបានប្រើប្រាស់កម្លាំងប្រមាណជាង១០០នាក់ សម្រាប់បង្កើតជាក្រុមចល័តដើរល្បាតនៅតាមតំបន់គោលដៅ នៅក្នុងការទប់ស្កាត់រាល់បទល្មើសលួចធ្វើចំណាកស្រុកខុស ច្បាប់ចូលទៅក្នុងប្រទេសថៃ នៅវេលាយប់។ លោកថា៖«ឥឡូវនេះមេខ្យល់ច្រើននាំពលករធ្វើដំណើរនៅពេលយប់»។
លោក ហម ម៉ុត បានបញ្ជាក់ថា លោកបានចល័តកម្លាំងផ្លាស់ប្តូរគ្នាការពារនៅពេលយប់ ដែលក្នុង១យប់ មានកម្លាំងចល័ត២ក្រុម ដោយក្រុមនីមួយៗ មានគ្នា៥នាក់ និងប្រើប្រាស់រថយន្តចំនួន២គ្រឿង នៅក្នុងការទប់ស្កាត់ពលករឆ្លងដែនកន្លងមកនេះ។
អ្នកស្រី ផាត់ ម៉ារ៉ាឌី អ្នកតស៊ូមតិសម្រាប់ស្រ្តីនៃអង្គការលីកាដូ នៅខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅរដូវទំនេរក្រោយពីធ្វើស្រែចម្ការ ប្រជាពលរដ្ឋតែងធ្វើចំណាកស្រុកខុសច្បាប់ទៅធ្វើការនៅប្រទេស ថៃ ហើយថា តាមគាត់សង្កេតឃើញមានពលករខ្មែរច្រើនណាស់ ដែលសម្រុកចេញទៅដោយខុសច្បាប់។ អ្នកស្រីអះអាងថា ដោយសារសមត្ថកិច្ចមិនមានលទ្ធភាពគ្រប់គ្រាន់ និងដោយការចាញ់បោកមេខ្យល់ និងការគ្មានការងារធ្វើក្នុងស្រុក ទើបធ្វើឲ្យមានការធ្វើចំណាកស្រុកជាបន្តបន្ទាប់។ «យើងត្រូវតែបន្តការផ្សព្វផ្សាយ ហើយស្នើឲ្យអាជ្ញាធរដែនដីសហការគ្នាទប់ស្កាត់បន្តទៀត ពិសេសគួរតែបង្កើតការងារនៅក្នុងសហគមន៍ពួកគេដើម្បីជួយទប់ស្កាត់ពីការធ្វើចំណាកស្រុកខុសច្បាប់»៕
No comments:
Post a Comment
I like Blogger