កំពង់ស្ពឺៈ អ្នកតវ៉ាពីរនាក់ និងបុគ្គលិករោងចក្របីនាក់នៅរោងចក្រវីនស៊ីនអ៊ិនតែល នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាកាលពីព្រឹកម្សិលមិញ។
លោក វណ្ណ ប៊ុន សកម្មជនសហជីពសេរីកម្មករដែលត្រូវគេវាយដំឲ្យរងរបួសដៃទាំងពីរ ថ្លែងពីម្សិលមិញថា ខាងសហជីពរបស់ក្រុមហ៊ុនយកមីក្រូមកចាក់បំពងសំឡេងរំខានការតវ៉ា ពេលនោះកម្មករចង់ប្តូរទៅតវ៉ាក្នុងបរិវេណរោងចក្រឲ្យដូចសហជីព រោងចក្រដែរ តែគេរារាំងក៏ផ្ទុះអំពើហិង្សារវាងភាគីទាំងពីរតែម្តង។
លោកថា៖ «មានការរុញច្រានគ្នាទៅវិញទៅមក នៅពេលពួកយើងឃាត់បុគ្គលិករដ្ឋបាលរោងចក្រមិនឲ្យថតវីដេអូតាម ទូរស័ព្ទ ហើយក៏មានកម្មករម្នាក់និងសកម្មជនសហជីពម្នាក់ ប្រើបំពង់ទីបវាយមកលើខ្ញុំ និងកម្មករឯទៀត»។
លោក ប៊ុន ថា អំពើហិង្សានេះធ្វើឲ្យកម្មករម្នាក់និងលោករងរបួស ហើយលោកបានប្ដឹងមន្ត្រីក្រុមហ៊ុនដែលប្រើហិង្សាលើកម្មករ នោះទារសំណងជំងឺចិត្តផង។
កម្មករជាង៧០០នាក់ មកពីរោងចក្រកាត់ដេរវីនស៊ីនអ៊ិនតែលបានធ្វើការតវ៉ាជាច្រើនថ្ងៃហើយ ទាមទារឲ្យដំឡើងប្រាក់ខែអប្បបរមា៧០ដុល្លារ ឲ្យកម្មករបីនាក់ចូលធ្វើការវិញ និងអត្ថប្រយោជន៍ ជាច្រើនចំណុចទៀត។
លោក កង វ៉ាន់ណែត ប្រធានរដ្ឋបាលរោងចក្រវីនស៊ីនអ៊ិនតែលដែលរងរបួសក្បាល រហែកអាវ និងខូចទូរស័ព្ទដៃប្រាប់ថា លោកនឹងដាក់ពាក្យបណ្ដឹងប្ដឹងក្រុមសហជីពសេរីកម្មករ និងតំណាងកម្មករដែលប្រើអំពើហិង្សាលើរូបលោកនិងបុគ្គលិកលោក។ លោកបន្តថា៖«ខ្ញុំមិនដឹងអ្វីទេ ហេតុអ្វីពួកគេវាយខ្ញុំ ហែកអាវ និងបង្ខូចទូរស័ព្ទខ្ញុំ?»។ លោកកំពុងធ្វើការស្រាប់តែក្រុមកម្មករលើកគ្នាទៅវាយលោក និងបុគ្គលិកផ្សេងទៀត។
លោកឲ្យដឹងបន្តថា ក្រុមមន្ត្រីតុលាការខេត្តបានចុះទៅពិនិត្យដល់រោងចក្រ និងប្រកាសដីកាបង្គាប់ឲ្យកម្មករចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោង បើមិនដូច្នោះទេ ពួកគេនឹងលែងជាកម្មករនៅរោងចក្រនេះទៀតហើយ។លោកអះអាងថា៖ «យើងនឹងលុបឈ្មោះពួកគេចេញពីក្រុមហ៊ុន បើសិនពួកគេមិនមកធ្វើការ តាមដីកាបង្គាប់របស់តុលាការទេ»។
ដូចគ្នាដែរ តំណាងកម្មករ២០០នាក់នៅរោងចក្រ International Fashion Royal នៅខណ្ឌដង្កោ ក៏បានហែក្បួនតវ៉ាទៅក្រសួងការងារសុំអន្តរាគមន៍ ប៉ុន្តែត្រូវបកមករង់ចាំដំណោះស្រាយវិញ។
កម្មការិនី ហែម ស៊ីថា តំណាងកម្មករថា៖ «គេប្រាប់យើងឲ្យទៅរោងចក្រវិញ ទុកតែតំណាងបួននាក់ឲ្យទៅចរចាជាមួយក្រុមហ៊ុននិងក្រសួង»។ ស៊ីថា បន្តថា កម្មករនឹងធ្វើយុទ្ធនាការថ្មី បើសិនការទាមទារមិនបានសម្រេចផល។ កម្មកររោងចក្រនេះទាមទារឲ្យដំឡើងប្រាក់ខែដល់៩៣ដុល្លារ និងសុំសម្រួលស្ថានភាពការងារឲ្យបានប្រសើរជាងសព្វថ្ងៃ។
ជាមួយនេះដែរ កម្មកររាប់ពាន់នាក់នៅរោងចក្រកាត់ដេរ Gladpeer នឹងនាំគ្នាដើរក្បួនតវ៉ាចាប់ពីរោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យទៅ កាន់រដ្ឋសភានៅថ្ងៃសុក្រ មកសុំឲ្យតំណាងរាស្ត្រជួយពួកគេ។
មន្ត្រីសម្ព័ន្ធសហជីព ស៊ីខៅឌូលោក ង៉ែត សុខុម អះអាងថា៖«ថ្ងៃនេះកម្មករជាង៣ពាន់នាក់មកធ្វើការតវ៉ានៅមុខរោងចក្រ យើងនឹងដើរទៅកាន់រដ្ឋសភានៅថ្ងៃស្អែក ព្រោះយើងចង់ឲ្យតំណាងរាស្ត្រជួយពួកយើង»។ ថៅកែរោងចក្រខោអាវទ្រនាប់នេះត្រូវចោទប្រកាន់ពីបទបិទក្រុមហ៊ុន និងរត់គេចខ្លួន ខណៈមិនទាន់បើកប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ដល់ក្រុមកម្មករនោះ៕ PN
No comments:
Post a Comment
I like Blogger