កំពង់ចាមៈ មនុស្ស៥នាក់ បួននាក់ជាបុគ្គលិកអេស៊ីលីដា រួមមាននាយកស្តីទីសាខាធនាគារម្នាក់ផង ត្រូវសមត្ថកិច្ចចម្រុះចាប់ខ្លួនឃុំ ក្នុងករណីសង្ស័យរៀបគម្រោងជំរិតទារប្រាក់ពីសាខាធនាគារ នៅស្រុកស្ទឹងត្រង់ ដែលក្នុងនោះ២នាក់ ត្រូវបានឃាត់ខ្លួននៅពេលព្រឹក និងបីនាក់ត្រូវបានឃាត់ខ្លួននៅម៉ោង១០:៤៥នាទីយប់មិញ នៅភូមិព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ប្រមាណជា២០នាទី ក្រោយពីសមត្ថកិច្ចប្រគល់ម៉ូតូឲ្យពួកគេតាមការទាមទារសម្រាប់គេច ខ្លួន។
លោក ឆាយ គីមសុន ស្នងការនគរបាលខេត្តកំពង់ចាម បានអះអាងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីយប់មិញថា បន្ទាប់ពីសមត្ថកិច្ចពង្រាយកម្លាំងឡោមព័ទ្ធ និងចរចាជាមួយក្រុមល្មើសពេញមួយថ្ងៃមក នៅម៉ោងប្រមាណជិត១១យប់មិញ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សទាំងអស់៥នាក់ ដែលមានបួននាក់ជាបុគ្គលិកប៉ុស្តិ៍សាខាធនាគារអេស៊ីលីដា។
លោកស្នងការបានប្រាប់ថា៖ «ក្នុងចំណោមអ្នកទាំង៥នាក់ មានពីរនាក់ឃាត់ខ្លួននៅពេលព្រឹក និងបីនាក់ទៀតឃាត់ខ្លួននៅម៉ោងជិត ១១យប់មិញ និងបាននាំមកសាកសួរនៅស្នងការខេត្ត»។
លោកស្នងការ អះអាងបន្តថា ៖ «ករណីនេះជាការរៀបចំផ្ទៃក្នុងរបស់ក្រុមបុគ្គលិកធនាគារទាំងនេះ រួមមាននាយកស្តីទីសាខាធនាគារនេះផង»។
លោក ឆាយ គឹមសុន បញ្ជាក់ដែរថា ពួកគេទាំង៥នាក់ កំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបណ្តោះអាសន្ន ដើម្បីស៊ើបសួរបន្ថែម។
មន្ត្រីប៉ូលិសដែលចុះប្រតិបត្តិការនេះ បានអះអាងប្រាប់ថា៖«នាយកស្តីទីសាខាធនាគារនេះ ឈ្មោះ ស៊ីម គឹមថាត អាយុ៣៥ឆ្នាំ បានសារភាពថា ខ្លួនជាមេខ្លោងក្នុងគម្រោងជំរិតមួយនេះ ដោយសារតែខ្លួនជំពាក់លុយគេច្រើនពេក»។
ការឡោមព័ទ្ធអគារ ផ្ទះល្វែង ជាការិយាល័យបម្រើសេវាធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានកើតឡើងកាលពីម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២២ មករា ខណៈក្រុមចោរប្រដាប់អាវុធពីរនាក់ បានចាប់បុគ្គលិកធនាគារបីនាក់ ជាភ្នាក់ងារបម្រើសេវាកម្មអតិថិជន របស់បុស្តិ៍សេវាកម្មធនាគារ នៅផ្សារបែកអន្លូង មិនឲ្យពួកគេទាក់ទងទៅក្រុមគ្រួសារ ហើយសមត្ថកិច្ចបានត្រឹមរង់ចាំរហូតដល់ម៉ោងប្រមាណ៥កន្លះព្រឹក ថ្ងៃពុធម្សិលមិញ ទើបមានបុគ្គលិកម្នាក់ បានរួចខ្លួនរត់ចេញមកក្រៅ។ ជនរង២នាក់ដែលអះអាងថាជាចំណាប់ខ្មាំង ឈ្មោះ ស៊ិន គឹមថាន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងឈ្មោះ ទីន គុយហេង ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិព្រែកព្រះអង្គ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំណែកម្នាក់ទៀតដែលរត់រួច ឈ្មោះ ម៉ាត លី ភេទប្រុស អាយុ ២៤ឆ្នាំ នៅស្រុកជើងព្រៃខេត្តកំពង់ចាម ។
កិច្ចប្រតិបត្តិការពីម៉ោងប្រមាណ៦ភ្លឺ មកទល់ម៉ោង៣រសៀលម្សិលមិញមាន ថ្នាក់ដឹកនាំខេត្ត ព្រះរាជអាជ្ញាស្នងការនគរបាល កងរាជអាវុធហត្ថ និងក្រុមកម្លាំងយោធាខេត្តប្រមាណ២០០នាក់ បានធ្វើការឡោមព័ទ្ធផ្ទះល្វែងទទឹងប្រមាណ៤ម៉ែត្រ ជម្រៅប្រមាណ១២ម៉ែត្រ ដែលមានទីតាំងក្បែរចម្ការកៅស៊ូមួយ ដើម្បីព្យាយាមចរចាឲ្យជនល្មើសដោះលែងជនរងគ្រោះជាចំណាប់ខ្មាំង ដែលត្រូវក្រុមចោរឃុំខ្លួនក្នុងបន្ទប់ដាក់លុយរបស់ធនាគារ តាំងពីល្ងាចថ្ងៃអង្គាររហូតមក។ តាមសមត្ថកិច្ច និងពលរដ្ឋ នៅទីនោះឲ្យដឹងថា ក្រុមចោរចង់បានថ្នាំញៀន បើទោះជាគេប្រគល់ប្រាក់រៀលមួយកាបូបឲ្យក៏ដោយ ក៏ចោរមិនព្រមយក គឺទាររកតែថ្នាំញៀនតែប៉ុណ្ណោះ។
ចំណែកលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា មានកម្លាំងប្រដាប់អាវុធបានបង្កប់ចូលក្នុងផ្ទះទីតាំងកើតហេតុនៃ ធនាគារអេស៊ីលីដា ដើម្បីព្យាយាមសម្របសម្រួលឲ្យលែងចំណាប់ខ្មាំង តែមិនបានជោគជ័យឡើយ បើទោះជាសមត្ថកិច្ចបានផ្តល់ថ្នាំម៉ាទឹកកក ឲ្យជនសង្ស័យមួយកញ្ចប់តូចក៏ដោយ។
កងកម្លាំងប្រឆាំងភេរវកម្ម ២៥នាក់ បានមកដល់ម៉ោង ៤ រសៀលកងកម្លាំងឈុតខ្មៅប្រឆាំងភេរវកម្ម ២៥ នាក់ ត្រូវបានរាយការណ៍ថា ដឹកនាំដោយលោក ចាន់ ស៊ីថា អនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ បាននាំគ្នាចូលក្នុងអគារធនាគារមួយនោះមួយសន្ទុះក៏ចាកចេញមក វិញនៅវេលាម៉ោង៤កន្លះ និងបានផ្តុំគ្នានៅក្បែរធនាគារពិភាក្សារកវិធីរំដោះចំណាប់ ខ្មាំងចេញ ប៉ុន្តែមិនបានសម្រេចឡើយ។
លោក ចាន់ ស៊ីថា បដិសេធមិនផ្តល់កិច្ចសម្ភាសដល់អ្នកកាសែតនៅពេលប្រតិបត្តិការមិនទាន់បញ្ចប់ឡើយ។
ការចរចាតាមទូរស័ព្ទបានបន្តរហូតរវាងជនល្មើសនិងថ្នាក់ដឹកនាំ ធនាគារ ព្រមទាំងនគរបាល ថ្នាក់ដឹកនាំធនាគារអេស៊ីលីដាលោក ព្រុំ វិសុទ្ធ ឲ្យដឹងថា ក្រុមជនល្មើសចង់ឲ្យកម្លាំងសមត្ថកិច្ចដកថយឲ្យអស់និង ធ្វើឲ្យប្រាកដថា ពួកខ្លួនអាចរត់គេចខ្លួនដោយសុវត្ថិភាពពីអគារការិយាល័យ ធនាគារមួយនេះ។
លោក ព្រុំ វិសុទ្ធ អនុប្រធាននាយកប្រតិបត្តិធនាគារឲ្យដឹងថា តាមការស្នើសុំរបស់លោកដល់កងនគរបាល គឺសុំឲ្យមានការដកថយកម្លាំងទាំងអស់ ព្រោះថា៖«យើងចង់ឲ្យបុគ្គលិកយើងមានសុវត្ថិភាព។ យើងក៏ចរចាថា ឲ្យវារត់រួចខ្លួនចុះ ទៅកន្លែងណាដែលមានសុវត្ថិភាពសម្រាប់ពួកគេ ហើយយើងប្រាប់ទាំងផ្លូវទៅទៀត ដើម្បីឲ្យគេរត់រួចខ្លួន»។
ដោយគិតពីសុវត្ថិភាពបុគ្គលិកទាំងពីរនាក់ លោកបញ្ជាក់ថា លោកនៅបានទាក់ទងតាមទូរស័ព្ទ ប្រាប់ឲ្យជនល្មើសយកលុយដែលដាក់ក្នុងកាបូបប្រមាណ៥៧លានរៀល តែជនល្មើសដែលញៀនថ្នាំខ្លាំងនៅតែមិនយក និង«ត្រូវការតែថ្នាំញៀន»តែប៉ុណ្ណោះ។
ចំពោះ ពលរដ្ឋជាអ្នកប្រកបអាជីវកម្មនៅផ្សារបែកអន្លូងវិញ បានឲ្យដឹងថា ពួកគាត់មានការតក់ស្លុត និងមិនមានអ្នកណាមកលក់ដូរទេ នៅថ្ងៃពុធម្សិលមិញ ព្រោះតែកម្លាំងនគរបាលបានឡោមព័ទ្ធ និងបិទផ្លូវប្រមាណ២០០ម៉ែត្រជុំវិញតំបន់នេះតាំងពីយប់ថ្ងៃ អង្គារ។
អ្នកលក់គ្រឿងទេសម្នាក់ ប្រាប់ថា គាត់បានឮមានស្នូរសំឡេងផ្ទុះគ្រាប់មួយគ្រាប់ ដែលហាក់ដូចជាការបាញ់គំរាមដល់ជនរងគ្រោះដែលគេចខ្លួនបាន។ លោកថា៖ «ខ្ញុំឃើញជនរងគ្រោះរត់ចេញមក ក៏ឮសូរផ្ទុះគ្រាប់កាំភ្លើង»។
ជនរងគ្រោះឈ្មោះ ម៉ាត លី អាយុ២៤ឆ្នាំ ហាក់នៅភ័យខ្លាចនិងមិនហ៊ាននិយាយអ្វីឡើយ បានត្រឹមតែឈរមើលការប្រតិបត្តិការរបស់សមត្ថកិច្ច។ គាត់និយាយថា ៖ «ខ្ញុំមិនហ៊ាននិយាយឡើយ គឺមានតែថ្នាក់ដឹកនាំធនាគារខ្ញុំទេ បើចង់សួរអី សួរគាត់ទៅ»។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិថ្លែងថា លោកនៅមិនទាន់អាចអធិប្បាយអ្វីឡើយព្រោះប្រតិបត្តិការនៅមិនទាន់ បញ្ចប់។
សន្តិសុខនៅមិនទាន់រឹតបន្តឹងសម្រាប់ប៉ុស្តិធនាគារអេស៊ីលីដានៅ ទីជនបទលោក ព្រុំ វិសុទ្ធ បញ្ជាក់ឲ្យដឹងដែរថា នេះអាចជាមេរៀនសម្រាប់ធនាគារអេស៊ីលីដា ដោយសារធនាគារដែលមានសាខា នៅទូទាំងខេត្ត-ក្រុងនៃប្រទេសកម្ពុជា បានដាក់កងកម្លាំងប្រដាប់អាវុធ សម្រាប់រក្សាសន្តិសុខរបស់ធនាគារតែកន្លែងខ្លះ មិនទាន់មានកងកម្លាំងប្រដាប់អាវុធ ឬ សន្តិសុខឯកជន សម្រាប់ការពារសុវត្ថិភាពធនាគារឡើយ។
លោកបញ្ជាក់ថា៖«ជាទូទៅកន្លែងយើងមានកងប្រដាប់អាវុធដែលយើងស្នើពី អគ្គស្នងការសម្រាប់ការងារសន្តិសុខធនាគារ តែយើងនៅមិនទាន់ពង្រឹងសម្រាប់ប៉ុស្តិ៍សេវាកម្មប្រភេទនៅតំបន់ ឆ្ងាយ ដូចនៅការិយាល័យបែកអន្លូងនេះនៅឡើយ»។
ការមិនមានសន្តិសុខ ក៏ដោយសារកន្លែងបែបនេះ មិនមានដាក់ប្រាក់តម្កល់ប្រាក់ ដូចសាខាធនាគារតាមស្រុក ខេត្ត ក្រុងទេគឺគ្រាន់តែជាកន្លែងផ្តល់ព័ត៌មានដល់អតិថិជន ពីសេវាធនាគារ តែក៏មានការទទួលប្រាក់ក្នុងកម្រិតតិចតួច ដែលពលរដ្ឋអាចដាក់ប្រាក់នៅប៉ុស្តិ៍មួយនេះបាន។ នេះបើតាមលោកព្រំ វិសុទ្ធ ដែលនិយាយថា ៖ «ប៉ុស្តិ៍ដូចនេះ ឲ្យតែដល់ល្ងាចឡើង យើងបញ្ជូនលុយចេញទៅកាន់ធនាគារនៅសាខាថ្នាក់ស្រុកហើយ គឺយើងមិនដែលទុកលុយទេ តែម្សិលមិញ(ថ្ងៃអង្គារ) យើងមិនទាន់បញ្ជូនលុយចេញផង ក៏មានរឿងចាប់ចំណាប់ខ្មាំងកើតឡើង»។ជុំវិញករណីរៀបចំគម្រោង ចាប់ជំរិតទារប្រាក់នេះ សមត្ថកិច្ចនគរបាលខេត្តកំពង់ចាមនឹងធ្វើសន្និសីទកាសែតនៅស្នងការ ដ្ឋាននគរបាលខេត្ត នាវេលាម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍នេះ៕
រាយការណ៍បន្ថែម ដោយ សំ រិទ្ធ
No comments:
Post a Comment
I like Blogger