លំនៅអ្នកភូមិបរកែវចាស់ ឃុំឡាមិញ ស្រុកបរកែវ ដែលត្រូវបង្ខំឲ្យទៅនៅជិតព្រៃឫស្សីនិងផ្នូរខ្មោច។ រូបថត សហការី
ប្រជាពលរដ្ឋ២៨៥ គ្រួសារ ដែលរស់នៅក្នុងភូមិបរកែវចាស់ ឃុំឡាមិញ ស្រុកបរកែវ កំពុងស្វះស្វែងរកអន្តរាគមន៍ បន្ទាប់ពីត្រូវអាជ្ញាធរមូលដ្ឋានបង្ខំឲ្យចាកចេញពីលំនៅដ្ឋាន ដែលតាំងលើផ្ទៃដីទំហំ៤ហិកតា ដើម្បីយកទីនោះទៅកសាងមន្ទីរពេទ្យ សួនច្បារ ផ្សារទំនើប និងទីលានកីឡា…។
លិខិតរបស់ប្រជាពលរដ្ឋដែលដាក់ចូលទៅស្នាក់ ការអ្នកតំណាងរាស្រ្តខេត្តរតនគិរី ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន មានរៀបរាប់ពីការបង្ខំរបស់អាជ្ញាធរថ្នាក់ឃុំនិងស្រុកឲ្យពលរដ្ឋ ប្តូរលំនៅទៅរស់នៅក្នុងព្រៃឫស្សីជាប់ចម្ការកៅស៊ូនិងផ្នូរ ខ្មោចវិញ។
នៅក្នុងការដោះដូរទីលំនៅនេះ អាជ្ញាធរក៏បានតម្រូវឲ្យប្រជាពលរដ្ឋទិញដីថ្មីតម្លៃ៥០០ ដុល្លារក្នុងមួយប្លង់ ដែលមានទទឹង៥ម៉ែត្រនិងបណ្តោយ២០ម៉ែត្រ។ ប៉ុន្តែប្រជាពលរដ្ឋមិនយល់ព្រម។
ក្នុងលិខិតបញ្ជាក់ថា៖ «យោងតាមនយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លីរបស់រដ្ឋាភិបាល យើងខ្ញុំជាប្រជាពលរដ្ឋ មានចំនួន ២៨៥គ្រួសារ ស្នើសុំអន្តរាគមន៍ជួយឲ្យបានបន្តរស់នៅលើដី៤ ហិកតាតទៅទៀត»។
លោក ប៊ូ ឡា តំណាងរាស្រ្តខេត្តរតនគិរីមកពីគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ ថា អ្វីដែលពលរដ្ឋប្តឹងមកតំណាងរាស្រ្ត តំណាងរាស្រ្តទទួលយកទាំងអស់ដើម្បីធ្វើការជាមួយនឹងអាជ្ញាធរមូល ដ្ឋានរកដំណោះស្រាយ។
លោក ប៊ូ ឡា មានប្រសាសន៍បញ្ជាក់ថា៖ «ភូមិនោះជាភូមិចាស់ដែលអាជ្ញាធរត្រូវការ។ តែពលរដ្ឋមិនព្រមចេញ។ នេះជាបញ្ហាមួយដែលយើងត្រូវដោះស្រាយតាមនីតិវិធី។ បន្ទាប់ពីទទួលបានលិខិតសុំអន្តរាគមន៍យើងនឹងធ្វើការជាមួយនឹង អាជ្ញាធរភូមិឃុំ ស្រុក-ខេត្តដោះស្រាយជូនពលរដ្ឋ»។
លោក ប៊ូ ឡា ថ្លែងទទួលស្គាល់ថា ការកាប់បំផ្លាញផលដំណាំរបស់អ្នកភូមិវាជារឿងខុសច្បាប់ ហើយវាអយុត្តិធម៌ណាស់ចំពោះប្រជាពលរដ្ឋ។
ចំណែកលោក ណាប់ ប៊ុនហេង អភិបាលរងខេត្តរតនគិរីបានមានប្រសាសន៍ថា ដីដែលប្រជាពលរដ្ឋកំពុងរស់នៅនោះ ជាដីរបស់រដ្ឋតាំងពីសម័យសង្គមរាស្រ្តនិយម។ ដូចនេះអាជ្ញាធរមានភារៈការពារមិនឲ្យបាត់បង់នោះឡើយ។
លោក ឆាយ ធី អ្នកសម្រប-សម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា ការដែលអាជ្ញាធរចង់ធ្វើការផ្លាស់ប្តូរលំនៅរបស់ប្រជាពលរដ្ឋ ទាំងនោះ គឺវាមិនបង្ហាញពីតម្លាភាពនិងយុត្តិធម៌ក្នុងសង្គមនោះទេ។
លោកបញ្ជាក់ ថា៖«ពុំមានតម្លាភាពនិងយុត្តិធម៌នោះទេ ព្រោះឲ្យពលរដ្ឋរស់នៅទីនោះជាយូរមកហើយ។ មួយវិញទៀត អាជ្ញាធរចង់ប្តូរគាត់ពីកន្លែងល្អជាប់ថ្នល់ឲ្យចូលទៅនៅខាង ក្នុងវិញ»៕
No comments:
Post a Comment
I like Blogger